马上注册,结交更多好友,享用更多功能,让你轻松玩转社区。
您需要 登录 才可以下载或查看,没有帐号?注册
x
កាលពីព្រេងនាយ មានបិសាចមួយឈ្មោះរាមាសូរ និងនាងអារក្ខទេវីមួយឈ្មោះ មេខលា ។ អ្នកទាំងពីរបាននៅបម្រើមហាឫសីដ៏មានរិទ្ធិម្នាក់ ដើម្បីនឹងរៀនវិជ្ជាមន្តអាគមគាថា ។ បិសាច និងនាងមេខលាបានខំរៀនប្រណាំងប្រជែងគ្នាដើម្បីបំពេញចិត្តគ្រូរៀងខ្លួន ហើយអ្នកទាំងពីរប្រកបដោយបញ្ញាវៃក្រៃលែងដូចគ្នា ។ តាបសក៏ស្រឡាញ់អ្នកទាំងពីរនោះស្មើគ្នា ។ កាលបើតាបសបានបង្រៀនសិស្សលោកចប់គ្រប់មុខវិជ្ជាហើយ លោកក៏ចង់ល្បងវិជ្ជាសិស្សមើលថា តើអ្នកណាមួយប៉ិនប្រសប់ជាងគេ ។ ទើបលោកនិយាយទៅកាន់សិស្សថា “បើអ្នកណា យកកែវមួយមានទឹកសន្សើមពេញមកឲ្យខ្ញុំបាន នោះខ្ញុំនឹងធ្វើទឹកនោះឲ្យក្លាយទៅជាកែវមនោហរា ហើយដោយគុណភាពនៃរតនវត្ថុនោះ អ្នកម្ចាស់កែវអាចប្រាថ្នាធ្វើអ្វី ឬចង់បានអ្វី ចេះតែបានសម្រេចទាំងអស់” ។ រាមាសូរ ក៏យកកែវមួយទៅត្រងទឹកសន្សើមដែលទើនៅស្លឹកឈើ និងស្មៅផ្សេងៗ ។ វាបានខំព្យាយាមធ្វើដូច្នេះជាច្រើនព្រឹក ប៉ុន្តែឥតបានផលល្អសោះ ។ ចំណែកឯនាងមេខលា ដែលជាស្រីគិតវែងឆ្ងាយក៏រើសយកបណ្ដូលឈើមួយយ៉ាងទន់ស្ពោតៗ ហើយយកទៅដាក់ផ្ដិតលើទឹកសន្សើម ដែលដក់នៅលើស្លឹកឈើ និងនៅលើស្មៅ ទាល់តែដុំឈើនៅជក់ទឹកពេញទាំងអស់ ។ បន្ទាប់មកនាងមេខលាបានយកដុំឈើនៅទៅច្របាច់ទឹកដាក់ក្នុងកែវ ។ អាស្រ័យដោយហេតុដូច្នេះ នាងក៏រកទឹកសន្សើមដាក់កែវបានពេញ ហើយក៏យកកែវនោះទៅជូនមហាតាបស ។ ហេតុដូច្នេះ បានជានាងអារក្ខទេវីត្រូវបានតាបសសម្គាល់ថា ប៉ិនប្រសប់ជាងបិសាច ។ តាបស ជប់ទឹកសន្សើមនោះឲ្យកើតទៅជាកែវ ហើយប្រគលទៅឲ្យនាងមេខលាដោយប្រាប់ថា “កែវនេះមានគុណភាពខ្លាំងណាស់ បើអ្នកមានបំណងអ្វីមួយ គ្រាន់តែលើកកែវនេះគ្រវីឡើង នោះមួយរំពេច សេចក្ដីប្រាថ្នារបស់អ្នកនឹងបានសម្រេចភ្លាម មួយទៀតដោយគុណភាពនៃកែវនេះ អ្នកអាចហោះ កាត់អាកាសកប់ពពកជ្រកអាចម៍ជន្លេនទៅកាន់កន្លែងណាក៏បានទាំងអស់” ។ នាងអារក្ខទេវី ក៏ទទួលយកកែវនោះមកលើគ្រវីឡើងលើ ស្រាប់តែហៅវឹងទៅលើមេឃតម្រងទៅមហាសាគរ ។ ចំណែកឯរាមាសូរ អាស្រ័យដោយការព្យាយាមដ៏យូរ ក៏រកទឹកសន្សើមដាក់បានពេញកែវ ហើយយកទៅថ្វាយមហាឫសីៗ ពោលថា “ចៅឯងយករបស់នេះមកយឹតយូរពេក ហួសពេលតាត្រូវការ ឥឡូវតាបានឲ្យរតនវត្ថុនោះទៅនាងមេខលាទៅហើយ មន្តអាគមគាថារបស់តា អាចជប់វត្ថុបែបនេះបានតែមួយដងទេ” ។ កាលបើបានឮមហាតាបសថាដូច្នេះ រាមាសូរក៏កើតសេចក្ដីទោមនស្សពន់ប្រមាណ ហើយក៏ស្រែកយំអណ្ដើកអណ្ដកយ៉ាងខ្លាំង ។ ដើម្បីលួងចិត្តបិសាច តាបសក៏ប្រាប់ថា “ចូរចៅកុំកើតទុក្ខខ្លាំងពេក ចាំតាឲ្យពូថៅមួយ ពូថៅនេះអ្នកអាចយកទៅឈ្លោះដណ្ដើមយកកែវពីនាងអារក្ខទេវីមេខលាបាន នាងមេខលានេះ ចូលចិត្តហោះហើរលេងនៅលើអាកាស ដើម្បីមុជទឹកភ្លៀងដែលមានភ្លៀងម្ដងៗ ចូរអ្នកចោលពូថៅនេះទៅលើវា វានឹងបោះចោលកែវដ៏មានតម្លៃនោះ ប៉ុន្តែនៅពេលប្រយុទ្ធគ្នានោះ ចៅឯងឃើញវាលើកកែវឡើងគ្រវី ចូរចៅឯងបិទភ្នែកភ្លាម មុននឹងចោលពូថៅទៅលើវា” ។ កាលបើរាមាសូរបានពូថៅមកកាន់នៅនឹងដៃហើយ វាក៏ហោះស្វែងរកនាងមេខលា ដើម្បីដណ្ដើមកែវមនោហរា ប៉ុន្តែកាលបើបានឃើញនាងកាលណា នាងក៏យល់ឃើញភ្លាមថា បិសាចនេះប្រាកដជាមកមានបំណងធ្វើអាក្រក់មកលើនាងពុំខាន ទើបនាងលើកកែវគ្រវីឡើង ហោះទៅលើអាកាសវេហាខ្ពស់ក្រៃលែងខ្ពស់ ។ កាលបើក្រឡេកឃើញពន្លឺចាំង នៃកែវមានសិល្ប៍ភ្លាម បិសាចក៏បិទភ្នែកវាជិតរួចគ្រវែងអាវុធវាទៅ ។ អាវុធនោះ ក៏ហោះយ៉ាងលឿនឮសូរសម្បើមក្រៃលែង ប៉ុន្តែឥតត្រូវនាងមេខលាទេ ។ ចាប់តាំងពីពេលនោះមក ទើបនៅពេលមានភ្លៀងផ្គរគេឃើញចាំងពន្លឺកែវហើយឮសូរសម្លេងយ៉ាងខ្លាំងនៃអាវុធនោះ ។ អាស្រ័យហេតុនេះហើយ បានជាក្នុងភាសាខ្មែរយើងឲ្យឈ្មោះដុំថ្មទាំងឡាយណា ដែលឃើញមានរាងដូចផ្លែពូថៅ ឬចបកាប់ក្បាលស្រួច ឬដូចកាំបិតថា “កាំរន្ទះ” ហើយសន្មតរបស់ទាំងនេះថា ជាព្រួញរបស់យក្សបាញ់ នៅលើមេឃធ្លាក់មកដី ។
|